ខេត្តកំពង់ធំ

កំពង់ធំ គឺជាខេត្តមួយ ក្នុងប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាប នៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្ត ឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមាន ប្រជាជន ៣០ ០០០ នាក់ មានទេសភាព ដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយ នៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅ ចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ។ ខេត្តកំពង់ធំជា ខេត្តមានផ្ទៃដីធំទី២ នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទ សំបូរព្រៃគុក ដែលសរុបមានប្រមាណជិតពីររយ ប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់ សម្រាប់ការសិក្សាអំពី អារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះ មានការទាក់ទាញ ទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជា ប្រាសាទដទៃទៀត ក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបាន គេចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណ សម័យអង្គរ គួរឱ្យចាប់អារម្មណ៍ ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេល បានទៅកំសាន្តហើយៗ បានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជន នៅទីនោះ ជាពិសេសនៅភូមិ កំពង់ឈើទាលនា មាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិ លេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦ ៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ក៏ជាខេត្តមួយក្នុងចំណោម ខេត្តទាំងប្រាំបួន ដែលមានព្រំប្រទល់ជាប់ បឹងទន្លេសាបដែរ កំពង់ធំ ជាប៉ែកនៃឋបនីយដ្ឋាន ជីវមណ្ឌល បឹងទន្លេសាប។ (ប្រភព វិគីភីឌា)