ប្រវត្តិព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័

ប្រវត្តិព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័

អំពីប្រវត្តិព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល»

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំប្រារព្ធឡើងយ៉ាងអធិកអធម ជារៀងរាល់ឆ្នាំនៅ ក្រោមព្រះអធិបតីភាព នៃព្រះមហាក្សត្រ ប្រចាំនគរ រួមទាំងមន្ត្រី អ្នកមុខអ្នកការ និងប្រជានុរាស្ត្រ គ្រប់ជាន់ថ្នាក់ មកពីគ្រប់ខេត្តក្រុង នៅទីលាន វាលព្រះមេរុនៅភ្នំពេញ និងនៅតាមបណ្តា ខេត្តក្រុងរាជធានី នៅទូទាំងប្រទេស ដោយនឹងត្រូវ ប្រារព្ធធ្វើឡើង ផ្លាស់ប្តូរវេនគ្នា ប៉ុន្តែ ជាញឹកញាប់គេបាន សង្កេតឃើញថា ភាគច្រើនពិធីនេះ ច្រើនធ្វើនៅវាលព្រះមេរុ។
Ottara31
ព្រះរាជពិធីនេះ ជាពិធីមង្គលមួយដែលព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកថា ជាការចាប់ផ្តើម ប្រកក់ ប្រសិទ្ធី ឲ្យដល់ប្រជាកសិករ ក្នុងការធ្វើស្រែចម្ការ នៅរដូវវស្សា ឲ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំង បង្ហាញឲ្យប្រជាកសិករ ទូទាំងនគរឲ្យបានដឹងថា ដល់ពេលដែល ត្រូវចាប់ផ្តើមការ ដាំដុះហើយ ។

ពិធីនេះត្រូវបានប្រារព្ធឡើងដោយមានបុរសម្នាក់ឈ្មោះថា (ស្តេចមាឃ) ដែលកាន់នឹម និងនង្គ័ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែ មេ ហួរ) ដែលសាបពូជស្រូវ ដើរតាមក្រោយនង្គ័ល។
ottara35
គេមានជំនឿថា ពិធីនេះត្រូវបានគេរៀបចំតាមលំនាំសាសនាព្រហ្មញ្ញ ដោយផ្សងទឹកភ្លៀងតាម រយៈការដាក់ភោគផល ឬ អាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ដើម្បីឲ្យគោឧសុភរាជ ស៊ីផឹកតាមចិត្តរយៈ ពេលពេញមួយកម្ម វិធីផ្សងនេះ ។
ottara34
ទាក់ទងនឹងពេលវេលា កាលពីបុរាណ ពិធីនេះត្រូវបានគេប្រារព្ធរយៈពេល ៣ថ្ងៃ។ តែក្រោយមក ដោយការវិវត្ត ជឿនលឿន នៃសង្គម និងម្យ៉ាងដោយព្រះរាជា មន្ត្រីដែលជាអ្នក មុខអ្នកការ រួមទាំងប្រជារាស្ត្រ មានភាពមមារញឹក ផងនោះ ទើបព្រះរាជា បានសម្រេចការ ប្រារព្ធពិធីនេះមកនៅ ត្រឹមរយៈពេលមួយថ្ងៃវិញ ពោលគឺចំថ្ងៃ ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ។
ottara36
សារៈសំខាន់ នៃបុណ្យច្រត់ព្រះនង្គ័លមានដូចជា៖

*ជាពិធីមួយដើម្បីផ្សងប្រផ្នូរកម្រិតទឹកភ្លៀង និងភោគផលប្រចាំ ឆ្នាំនៅគ្រប់តំបន់ ខេត្តក្រុងទូទាំង នគរខ្មែរតាមរយៈ ការ សោយព្រះស្ងោយរបស់គោឧសភារាជ ។

*ជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឲ្យ លោកដឹងថា ដល់ពេល ដែលត្រូវចាប់ផ្តើម ធ្វើស្រែចំការហើយ ។

*ជាពេលវេលាដែលព្រះរាជា ថ្នាក់ដឹកនាំរដ្ឋ មានឱកាសជួបជុំ សួរសុខទុក្ខប្រជា រាស្ត្រដែលមាន នាទីជាកសិករ ។

*ជាពេលវេលាដែលថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង មានឱកាសរៀបចំការ ដាក់តាំងភោគផល កសិកម្ម ប្រចាំខេត្តក្រុងរបស់ខ្លួនឲ្យមហាជនបានដឹង និងងាយស្រួលលក់ភោគផលនៅពេលក្រោយ។

*ជាពេលវេលានៃការដឹងគុណព្រះម៉ែធរណី និងព្រះភិរុណដែលបាន បង្អុលទឹកភ្លៀង និងភោគផល គ្រប់គ្រាន់ នាពេលកន្លងមក ។

*ជាពេលវេលានៃការបួងសួងសុំទឹកភ្លៀង និង សុំភោគផលបាន សម្បូរហូរហៀរ ក្នុងឆ្នាំថ្មីបន្តទៀត ។

*ជាពេលវេលាដែលបង្ហាញឲ្យឃើញពីទឹកព្រះទ័យ ឬការយកចិត្តទុកដាក់របស់ព្រះរាជា និងមន្ត្រីគ្រប់ជាន់ថ្នាក់ ចំពោះ ប្រជារាស្ត្រទូទៅដែលជាកសិករ ។

គួរបញ្ជាក់ថា ប្រទេសខ្មែរ មានប្រភេទស្រូវល្បីច្រើនមុខស្ទើររាប់មិនអស់ដូចជា៖ ស្រូវសែនពិដោរ ស្រូវសូម៉ាលី ស្រូវផ្កាខ្ញី ស្រូវផ្កាម្លិះ ស្រូវផ្ការំដួល ស្រូវឆ្មាព្រុំ ស្រូវនាងម៉ិញ ស្រូវដំណើបស ស្រូវដំណើបខ្មៅ ស្រូវខា ស្រូវប្រដេញទឹក ស្រូវឡើងទឹក ។ល។

ចំណែកប្រភេទសត្វដែលបម្រើឲ្យការអូសទាញក្នុងវិស័យកសិកម្មរួមមាន៖ គោ ក្របី សេះ ដំរីដែលសត្វទាំងនេះខ្មែរ និយមប្រើតាំងពីសម័យបូរាណមកម្លេះ ។

សរុបមក ពិធីច្រត់ព្រះនង្គ័ល ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់ប្រទេស កម្ពុជាយើងដោយ សារពិធីនេះ ជាសកម្មភាព ឬដំណើរនៃព្រះរាជា ដែលទ្រង់ សង្កត់នង្គ័ល ដោយព្រះហស្ថ របស់ព្រះអង្គ ដើម្បីភ្ជួររាស់ព្រះស្រែ ជានិមិត្តរូប សម្រាប់ប្រជានុរាស្ត្រ របស់ព្រះអង្គ៕
………………………………………………………………………………………..
អត្ថបទ៖ ច័ន្ទ ទេវី

ផ្តល់យោបល់

ផ្តល់យោបល់

Leave a Reply

Your email address will not be published.


two + 5 =